វគ្គជ្រូកចេញពីស្រោម ៖ រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ (ភាគ ៥)


ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬទៅមើលនិងគេដែរ? ចៅជ្រូកនៅស្ងៀមមិនចេញស្តី។ តាមពិតចៅជ្រូកនិងនាងពៅស្រលាញ់គ្នាស្មោះស្មគ្រ័ ត្រឹមតែសំដីនឹងសំដីប៉ុណ្ណោះទេ។ ឯខ្លួនប្រាណ ពំុដែលបានប៉ះគ្នាឡើយ។ លុះដល់ល្ងាចមួយទៀតអ្នកស្រុកផ្អើលអ៊ូរអរទៅមើលភ្លេងរបាំនោះទៀត។

នាងភរិយាចៅជ្រូកក៏សំុប្តីទៅមើលទៀត។ ចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយ។ រួចក្រោយមកខ្លួនឯងក៏លួចចេញពីស្រោមហើយទៅចូលវង់របាំនោះ ដូចកាលពីយប់មុនទៀត។ កាលណាដល់ពេលគេឈប់ភ្លាម ចៅជ្រូកម្នីម្នា ចូលស្រោមខ្លួនវិញ ឲ្យទាន់មុនប្រពន្ធមកដល់ផ្ទះ

លុះប្រពន្ធមកដល់ក៏សួរប្រពន្វទៀតថា: ម៉េចអូន! មើលល្ងាចនេះល្អមើលទៀតទេ? ថ្ងៃនេះល្អប្លែកពីថ្ងៃមុនទៅទៀត នាងភរិយាតប។ ចៅជ្រូកសើច រួចតបដូចព្រងើយទៅវិញថា: អ្នកដែលលេងល្អជាងគេនោះគឺបុរសស្លៀកសំពត់ខៀវ ពាក់អាវសមែនទេ?





នាងនោះឆ្ងល់ណាស់ក៏សួរទៅប្តី : ចុះម៉េចក៏បងដឹង ខ្ញុំឆ្ងល់ណាស់។ ពេលល្ងាចថ្ងៃទីបីនាងពៅសំុស្វាមីទៅមើលទៀត ស្វាមីក៏អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថា ប្រពន្ធទៅផុត ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម ប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត។ ចំណែកនាងភរិយាមិននៅរហូតនោះទេ ព្រោះសង្ស័យចំពោះប្តីនេះណាស់។ នាងទៅបានបន្តិច ក៏វិលមកលបចាំឃ្លាំមើលប្តី។ ស្រាប់តែឃើញប្តីចេញពីស្រោម ហើយរូបឆោមល្អប្រិមប្រិយ គឺជារូបបុរសលេងរបាំដែលនាងសរសើរថាល្អនោះ។ នាងស្ទុះប្រញាប់ទៅចាប់ឃាត់ប្តី មិនឲ្យចូលទៅក្នុងស្រោមវិញឡើយ ហើយនាងអង្វរប្តីកំុឲ្យចូលទៅក្នុងស្រោមវិញ។ ប្តីក៏សុខចិត្តតាមពាក្យអង្វររបស់ភរិយា តែសំុឲ្យនាងនោះរក្សាទុកស្រោមនោះឲ្យបានស្រួលបួល។

នាងពៅក៏យកស្រោមនោះទៅទុកដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្តី ហើយក៏នៅសុខសាន្តជាមួយគ្នារហូតមក។ ពេលមួយនៅប្រទេសនោះឥតមានស្តេចពួកសេនាសេវកាមាត្រ ក៏នាំគ្នាធ្វើពីធីផ្សងរកអ្នកមានបុណ្យដើម្បីឡើងគ្រងរាជ្យ។ តែពេលនោះ រឿងអស្ចារ្យរបស់ចៅជ្រូក ឭរន្ធឹកសុសសាយទៅគ្រប់ទិសទីពពួក សេវកាមាត្យក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះ ឲ្យឡើងគ្រប់គ្រងប្រទេសតទៅ។
(ត)
------------------------------------------------
ដកស្រង់ចេញពីសៀវភៅ៖ រឿងនិទានដែលទាក់ទងទៅនឹងដើមកំណើត

Comments

Popular posts from this blog

countifs រូបមន្ត

របៀបប្រើប្រាស់ Notepad ឬ TextEdit ជាមួយភាសារ HTML

តើអ្វីទៅជា HTML?